www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 5, 2012

រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​ទស្សនកិច្ច​នៅ​កម្ពុជាដើម្បីបញ្ហាព្រំដែន



រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ​លោក ​Marty Nalalegawa ​នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ច័ន្ទនេះ។ ​ក្រសួង​ការបរទេស​កម្ពុជា​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​អំពី​របៀបវារៈ​នៃ​កិច្ចពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ ប្រភព​ក្រៅ​ផ្លូវការ​បាន​ឲ្យ​ដឹង​ថា ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ​គឺ​ដើម្បី​ស្វែងយល់​អំពី​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ក្របខណ្ឌ​នៃ​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។
លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នឹង​ទទួល​ជួប​ពិភាក្សា​ជាមួយ​លោក​ Marty Nalalegawa ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ចន្ទ​​នេះ​នៅ​ឯ​ទីស្តីការ​ក្រសួង​ការបរទេស​ទីក្រុង​ភ្នំពេញ។​ លិខិត​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​គឺ​ធ្វើ​ឡើង​តាម​ការអញ្ជើញ​របស់​លោក​ ហោ ណាំហុង ​ប៉ុន្តែ ​ក្រសួង​ការបរទេស​មិន​បាន​ប្រាប់​ពី​របៀបវារៈ​នៃ​កិច្ចពិភាក្សា​គ្នា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ទេ។ ​រីឯ​មន្ត្រី​ក្រសួង​ការបរទេស​មួយចំនួន​ក៏​អះអាង​ថា​មិន​បាន​ដឹង​ពី​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ។

យ៉ាង​ណា​ក៏ដោយ​ ប្រភព​ក្រៅ​ផ្លូវការ​បាន​ឲ្យ​ដឹង​ថា​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​នៅ​ពេល​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​សម្របសម្រួល​ក្នុង​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ។ ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​ Marty Nalalegawa ​មក​កម្ពុជា​ដើម្បី​ស្វែង​យល់​ពី​ការ​វិវឌ្ឍន៍​ថ្មីៗ​ក្នុង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ។ ​បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ភ្នំពេញ​នៅ​ថ្ងៃ​ស្អែក​នេះ​ ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​នឹង​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង​បាងកក​ទៀត​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​ថៃ។

គួររម្លឹក​ថា​ ឥណ្ឌូណេស៊ី​បាន​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ជម្លោះ​កម្ពុជា​ថៃ​កាល​ពី​ឆ្នាំ២០១១​កន្លង​ទៅ​នៅ​ពេល​ដែល​ប្រទេស​នេះ​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន។​ ប៉ុន្តែ ​នៅ​ឆ្នាំ​២០១២​ នេះ​ខណៈ​ដែល​កម្ពុជា​ឡើង​ធ្វើ​ជា​ប្រធាន​អាស៊ាន​វិញ​ម្តង​ កម្ពុជា​បាន​ស្នើ​ឲ្យ​ឥណ្ឌូណេស៊ី​បន្ត​តួនាទី​ជា​អ្នក​សម្របសម្រួល​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដដែល។ ​នៅ​ក្នុង​ក្របខណ្ឌ​នេះ ​លោក ​Marty ​ត្រូវ​បាន​តែងតាំង​ជា​អ្នក​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​ទាំង​ពីរ។ ដូច្នេះ​ បេសកកម្ម​របស់​លោក​គឺ​ការសម្របសម្រួល​រឿង​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​ទៅ​តាម​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ​កាលពី​ថ្ងៃទី​១៨​កក្កដា​ឆ្នាំ​២០១១​។ ​ការ​ដក​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ​នេះ​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការត្រួត​ពិនិត្យ​របស់​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី។

ប៉ុន្តែ ​ម្តង​ហើយ​ម្តង​ទៀត​ បញ្ហា​នេះ​បាន​ជាប់​គាំង​ដោយសារ​តែ​ភាគី​ថៃ​មិន​ព្រម​អនុវត្ត​តាម។ ម្យ៉ាងទៀត ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​លោក​ Marty Nalalegawa ​ក៏​ត្រូវ​រាយការណ៍​ជូន​តុលាការ​ក្រុង​ឡាអេ​អំពី​ការ​វិវឌ្ឍន៍​ក្នុង​សំណុំរឿង​នេះ​ផង​ដែរ។ ​ទាំង​នេះជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​និង​ថៃ​នៅ​ពេល​នេះ៕

0 មតិ:

Post a Comment