www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, March 4, 2012

យាយ ម៉ៅ នៅភ្នំបូកគោនាំសេចក្តីសុខ

គេសង្កេតឃើញថា នៅតាម តំបន់ព្រៃភ្នំនាដែនដីសមុទ្រ ក្នុងខេត្តបីដូចជាកំពត កោះកុង និង ខេត្តព្រះសីហនុ ភាគ ច្រើនមានរូបសំណាកយាយម៉ៅស្ថិតនៅគ្រប់ទីកន្លែងដែលមានបារមីខ្លាំងពូកែស័ក្តិសិទ្ធិ ។ ក្រៅពីយាយ ម៉ៅ ភ្នំពេជ្រ និល ដែលមានអ្នកដំណើរទៅមកឈប់រថយន្តចូលអុជធូបមិនសូវដាច់នោះ ដោយឡែកយាយ ម៉ៅ នៅលើកំពូលភ្នំ បូកគោ ខេត្តកំពតឯណោះវិញក៏មិនចាញ្ញ់គ្នាដែរ ។ ជារៀងរាល់ថ្ងៃតែងមានភ្ញៀវទេសចរឡើងទៅកម្សាន្ត ហើយម្នាក់ៗ មុនទៅដល់កំពូលភ្នំបូកគោ ឆ្លៀតឈប់មួយភ្លែតសិន មិនហ៊ានទៅហួសឡើយ ដើម្បីអុជធូបបួងសួងមុខរូបសំណាក យាយ ម៉ៅ មួយដ៏ធំខ្ពស់ សូមកុំឱ្យមានគ្រោះថ្នាក់ក្នុងការធ្វើដំណើរឡើងចុះភ្នំ ។




កំពូលភ្នំបូកគោ គឺជាកន្លែងកម្សាន្តមួយ នៅក្នុងទឹកដីខេត្តកំពតក្នុងចំណោមឆ្នេរ សមុទ្រកែប ដែលមានអ្នកទៅ លេងច្រើនជាង គេ ។ នៅលើកំពូលភ្នំដ៏ខ្ពស់កប់អាកាស ប៉ះតែ ផ្ទាំងពពកអ័ព្ទនោះ ពិតជាមានទេសភាពស្រស់ ប្រណីតមែន រួមជាមួយនឹងសំណង់ផ្សេងៗ ដូច ជា កាស៊ីណូ ដំណាក់ស្តេច និង សំណង់វត្តសំពៅ ប្រាំ ជាដើម ដែលមានតាំងពីជំនាន់សង្គមរាស្ត្រ និយមម៉្លេះ ។ ដោយឡែកបើមើលពីចម្ងាយវិញ ជួរភ្នំនេះវែង កំពូលខ្ពស់ រាងដូចបូកគោ ដែលមានកម្ពស់ ១.០៧៥ ម៉ែត្រ ។ មិនតែប៉ុណ្ណោះថែមទាំងមានផ្លូវសម្រាប់ឡើងចុះ ចាក់ ក្រាលដោយកៅស៊ូរលោងស្រិលទៀតផង ដែលឆ្លងកាត់បត់បែន កាច់កេលលើក្រោមគ្នាតាមមាត់ជ្រោះពីជ្រលងខ្នងភ្នំមួយទៅជ្រលង ខ្នងភ្នំមួយទៀត ហើយពីជើងក្រោមទៅដល់កំពូលចម្ងាយប្រវែង ៣៣ គីឡូម៉ែត្រ ។ ផ្លូវទេរចោតឡើងភ្នំ ជាកន្លែងអាចឱ្យរថយន្ត និង ម៉ូតូដឹកភ្ញៀវទេសចរឡើងចុះបានប្រកបដោយសុវត្ថិភាពខ្ពស់ ។ ការ បើករថយន្ត ម៉ូតូដឹកមនុស្សឡើងភ្នំដ៏ខ្ពស់ឆ្លងជ្រោះ ចូលព្រៃ ពិត ជាធ្វើឱ្យភ្ញៀវទេសចរម្នាក់ៗមានអារម្មណ៍ស្ញើបភ័យខ្លាច នឹងគ្រោះ ថ្នាក់ ហើយតែងបន់អស់ខ្មោចម៉ែខ្មោចឪឱ្យជួយកាន់ខ្នងរងមុខមិន ខាន ។


ទន្ទឹមនឹងនោះពួកគេហាក់មានអារម្មណ៍កក់ក្តៅខ្លះ លែង មានការភ័យព្រួយអ្វីទៀតដូចមុនហើយបន្ទាប់ពី ឡើងទៅដល់ត្រង់ ចំណុចដែលមានរូបសំណាកយាយ ម៉ៅ ដោយបានអុជធូបបន់ស្រន់ ។ រូបយាយ ម៉ៅ ដ៏ធំខ្ពស់នេះធ្វើពីស៊ីម៉ងត៍ មានកម្ពស់ប្រ-ហែល ១០ ម៉ែត្រ ទោះបីកសាងមិនទាន់ហើយរួចរាល់ពិតមែន ប៉ុន្តែ មានបារមីខ្លាំងពូកែ ធ្វើឱ្យភ្ញៀវទេសចរទាំងឡាយឡើងភ្នំតែងឈប់ ចតរថយន្ត ម៉ូតូ ចូលអុជធូបបន់ស្រន់គ្រប់ៗគ្នា មិនហ៊ានទៅហួស មកហួសឡើយ ។ មិនត្រឹមប៉ុណ្ណោះទេ ពួកគេថែមមាននំចំណី ចេក និង ទឹកសុទ្ធ ជាដើម ថ្វាយយាយ ម៉ៅ សេពសោយទៀតផង ។ ក្នុង ចិត្តពួកគេម្នាក់ៗបានតាំងចិត្តប្រាថ្នាជាមួយនឹងពាក្យបួងសួងថា សូម បារមីយាយ ម៉ៅ ជួយកាន់ខ្នងរងមុខកូនចៅក្នុងការធ្វើដំណើរឡើង ចុះភ្នំផង សូមកុំឱ្យមានគ្រោះថ្នាក់ឡើយ ។ លុះបួងសួងចប់ហើយ ពួកគេនាំគ្នាឡើងរថយន្ត ម៉ូតូរៀងៗខ្លួនដើម្បីបន្តដំណើរឡើងភ្នំទៅ មុខទៀតឱ្យដល់គោលដៅ ។ ចំណែករថយន្ត ម៉ូតូដឹកភ្ញៀវទេសចរ ឡើងមកខាងក្រោយៗទៀតរមែងឈប់អុជធូបបន់ស្រន់យាយ ម៉ៅ ដូចអ្នកមុនៗដែរ ។


លោកតា សំ ឈន ជាអ្នកមើលការខុសត្រូវរូបសំណាក យាយ ម៉ៅ បានរៀបរាប់ឱ្យដឹងថា ភ្នំបូកគោមាន ភ្ញៀវទេសចរឡើង ទៅលេងជារៀងរាល់ថ្ងៃមិនដែលខាន ហើយតែងឈប់ចតរថយន្ត ម៉ូតូ ដើម្បីអុជធូបបន់ស្រន់សុំពរជ័យពីយាយ ម៉ៅ មុនទៅដល់ទីនោះ ដោយមិនហ៊ានទៅហួស ឡើយ ។ ពីជើងភ្នំទៅដល់កន្លែងយាយ ម៉ៅ មានចម្ងាយផ្លូវ ១៩ គីឡូម៉ែត្រ ហើយបន្តទៅមុខ ទៀតចំនួន ១៤ គីឡូម៉ែត្រ ទើបដល់កំពូលភ្នំ បូកគោ ។ លោកតាឱ្យដឹងទៀតថា កាលជំនាន់ សង្គមរាស្ត្រនិយម ភ្នំបូកគោតែងមានភ្ញៀវទេស-ចរឡើងទៅលេងដែរ ប៉ុន្តែពុំមានការឈប់រថយន្ត ដើម្បីអុជធូបបន់ស្រន់ដូចសព្វថ្ងៃនេះទេ ហើយក៏ ពុំមានរូបសំណាកយាយ ម៉ៅ ឡើយ ។ លុះមក ដល់សម័យបច្ចុប្បន្នស្របពេលភ្នំបូកគោមានការ អភិវឌ្ឍជាថ្មីឱ្យមានផ្ទះសំណាក់ សណ្ឋាគារ និង ផ្លូវឡើង ជាដើម ហើយបានបើកចំហឱ្យភ្ញៀវ ទេសចរទៅលេងបន្ទាប់ពីផុតភ្លើងសង្គ្រាមមក រូប សំណាកយាយ ម៉ៅ និង កន្លែងបន់ស្រន់ត្រូវគេ បង្កើតឡើងដែរក្នុងរូបភាពជំនឿ ។

លោកតាបញ្ជាក់បន្ថែមថា បារមី យាយ ម៉ៅ នៅលើភ្នំបូកគោខ្លាំងពូកែណាស់ បើ បន់ស្រន់បែបណា រមែងបានបែបនោះ ជាពិសេស ជួយកាន់ខ្នងរងមុខភ្ញៀវទេសចរទាំងឡាយដែល ជិះរថយន្ត ម៉ូតូឡើងភ្នំមិនឱ្យមានគ្រោះថ្នាក់ ផ្សេងៗដូចជាក្រឡាប់ធ្លាក់ជ្រោះជាដើម ។ ទោះ បីយ៉ាងណាពុំធ្លាប់មានគ្រោះថ្នាក់បែបនេះកើត ឡើងឡើយ នេះក៏មកពីបារមីយាយ ម៉ៅ ជួយ ឃុំ គ្រងពួកគាត់ដែរ ។

លោកតា សំ ឈន បន្តទៀតថា ម៉្យាងវិញ ទៀតអ្នកដែលគោរពបូជាយាយ ម៉ៅ នៅទីនេះ ភាគច្រើនគឺ ជាភ្ញៀវទេសចរឡើងទៅទស្សនាកម្សាន្ត លើកំពូលភ្នំបូកគោប៉ុណ្ណោះ ចំណែកក្រៅពីនេះ មិនមានឡើយ ហើយកម្រមាននរណាឡើងទៅ គោរពបូជាយាយ ម៉ៅ តែម្តងនោះទេ លុះត្រា មានការចាំបាច់ឡើងទៅកម្សាន្តលើភ្នំបូកគោទើប មានឱកាសឆ្លៀតឈប់រថយន្តមួយភ្លែតដើម្បីគោរព បូជាយាយ ម៉ៅ សុំសេចក្តីសុខ ។

ចំណែកកញ្ញា សុខ វត្តី មកពីស្រុក សង្កែ ខេត្តបាត់ដំបង បានទៅកម្សាន្តលើភ្នំបូកគោ មានប្រសាសន៍ ឱ្យដឹងថា នេះគឺជារឿងធម្មតាទេ សម្រាប់ជនជាតិខ្មែរយើងដែលជឿលើអប្បិយ ជំនឿ ។ បើកាលណាមានទុក្ខភ័យបារម្ភអ្វីមួយគេ តែងបន់ស្រន់អាទិទេព ឬ វត្ថុស័ក្តិសិទ្ធិណាមួយឱ្យ ជួយការពារ ។ តួយ៉ាងដូចជាអ្នកទេសចរទាំង ឡាយដែលឡើងភ្នំបូកគោនេះអ៊ីចឹង តែងពឹងលើ បារមីយាយ ម៉ៅ ដោយការបន់ស្រន់សុំឱ្យជួយពួក គេកុំឲ្យមានគ្រោះថ្នាក់ប្រការណាមួយក្នុងការជិះ រថយន្ត ម៉ូតូឡើងភ្នំដ៏ខ្ពស់ឆ្ងាយនេះឱ្យសោះ ។
កញ្ញាបន្តទៀតថា នាងខ្ញុំធ្លាប់ឮគេនិយាយតៗ គ្នាមកថា កាលក្នុងជំនាន់សង្គមរាស្ត្រនិយមនៅ លើភ្នំបូកគោ នេះមានរថយន្តដឹកមនុស្សបើកធ្លាក់ ជ្រោះជ្រៅ ។ អាស្រ័យហេតុនេះហើយទើប គាត់មានការភ័យខ្លាចនឹងហេតុការណ៍ដែលឮគេនិយាយប្រាប់នោះ ក៏ឈប់រថយន្តចុះទៅអុជធូប បន់ស្រន់សូមឱ្យយាយ ម៉ៅ ជួយបញ្ចៀសហេតុ ការណ៍នោះកុំឱ្យកើតមានចំពោះរថយន្តដែល គាត់បានជិះ ៕

0 មតិ:

Post a Comment