www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

លោក ថាក់ស៊ីន ព្រមាន​អំពី​ជម្លោះ​ផ្ទៃ​ក្នុង​ថៃ ពាក់ព័ន្ធ​រឿង​ប្រាសាទ​ព្រះវិហារ



អតីត​មេ​ដឹក​នាំ​ថៃ​បាន​ព្រមាន​ថា ភាព​រង្គោះ​រង្គើ​ជម្លោះ​ផ្ទៃ​ក្នុង​ថៃ អាច​នឹង​កើត​មាន​សា​ជា​ថ្មី​ទៀត ប្រសិន​បើ​តុលាការ​អន្តរជាតិ​សម្រេច​អោយ​កម្ពុជា​ឈ្នះ​ក្នុង​រឿង​ក្ដី​ដី​តំបន់​ប្រាសាទ​ព្រះវិហារ។

អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក Thaksin Shinawat និយាយ​ថា ប្រសិន​បើ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ កាត់​សេចក្ដី​ឲ្យ​ភាគី​ថៃ​ចាញ់​ក្ដី​ក្នុង​ករណី​ជម្លោះ​តាម​បណ្ដោយ​ព្រំដែន​ជា​មួយ​កម្ពុជា ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ជម្លោះ​ក្នុង​ចំណោម​ពល​រដ្ឋ​ថៃ​នឹង​កាន់​តែ​រីក​រាល​ដាល​ក្ដៅ​គគុក​ឡើង​ជាក់​ជា​មិន​ខាន។

កាសែត Bangkok Post បាន​ដក​ស្រង់​សំដី​របស់​លោក Thakshin ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ឲ្យ​ដឹង​ថា លោក Thaksin បាន​សារភាព​ថា រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក Nappadon Pattama កាល​ពី​ឆ្នាំ​២០០៩ មិន​គួរ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នោះ​ឡើយ។ លោក​បន្ត​ថា រឿង​ក្ដី​នេះ កម្ពុជា​មាន​ប្រៀប​ជាង​ថៃ។

លោក Thaksin គូស​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​បារាំង​ធ្វើ​អាណានិគម​លើ​កម្ពុជា បារាំង​បាន​ប្រគល់​ផែនទី​ព្រំដែន​ប្រសាទ​ព្រះវិហារ​អោយ​ព្រះ​អង្គ​ម្ចាស់​ថៃ Damrong Rajanuparb ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ស្តេច Rama ទី​៥ របស់​ថៃ។ ពេល​នោះ ព្រះ​អង្គ​ម្ចាស់​ថៃ Damrong Rajanuparb, មិន​ត្រឹម​តែ​មិន​ជំទាស់​តវ៉ា​ទេ ព្រះ​អង្គ​ថែម​ទាំង​សុំ​ផែន​ទី​៤​ច្បាប់​ទៀត​ពី​បារាំង ដើម្បី​យក​ទៅ​ចែក​ចាយ​អាជ្ញាធរ​ថៃ​ឲ្យ​ប្រើប្រាស់។

លោក Thaksin បន្ត​ថា នៅ​ក្នុង​ច្បាប់​អន្តរ​ជាតិ ប្រសិន​បើ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ធ្វើ​ផែនទី​ព្រំដែន ហើយ​ប្រទេស​មួយ​ជំទាស់ ប្រទេស​នោះ​ត្រូវ​លើក​ត​រឿង។ ប៉ុន្តែ​ប្រទេស​ថៃ​នា​ពេល​នោះ​មិន​ជំទាស់​នឹង​ផែនទី​របស់​បារាំង​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​រូប​នេះ បាន​បន្ត​ទៀត​ថា សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ក្នុង​ទីក្រុង​ឡាអេ​ឆ្នាំ​១៩៦២ មិន​បាន​បញ្ជាក់​ច្បាស់​អំពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ឡើយ។

ទោះ​យ៉ាង​ណា​ក៏​ដោយ មន្រ្តី​ជាន់​ខ្ពស់​របស់​កម្ពុជា មិន​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​នោះ​ឡើយ ហើយ​ថា​ប្រទេស​ទាំង​ពីរ​ត្រូវ​អនុវត្ត​តាម​សាលក្រម​កំពូល​ក្នុង​ពិភព​លោក​មួយ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ លោក គុយ គួង មាន​ប្រសាសន៍​ថា ជម្លោះ​ក្នុង​ប្រទេស​ថៃ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ដោះ​ស្រាយ។ ហើយ​ថា ថៃ​ត្រូវ​គោរព​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ។

នៅ​ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្ដី​ក្នុង​ករណី​ជម្លោះ​ប្រាសាទ​ព្រះវិហារ។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេស​ទាំង​ពីរ​បាន​គោរព​សាលក្រម​ស្ថាពរ​មួយ​នេះ​រៀងៗ​ខ្លួន។ រយៈ​ពេល ៤៧​ឆ្នាំ​ក្រោយ​មក ប្រទេស​ទាំង​ពីរ​ចាប់​ផ្ដើម​មាន​ជម្លោះ​លើ​បញ្ហា​ប្រាសាទ​ម្ដង​ទៀត ក្រោយ​ពី​កម្ពុជា​បាន​ដាក់​បញ្ចូល​ប្រាសាទ​របស់​ខ្លួន​មួយ​នេះ ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នៅ​ឆ្នាំ​២០០៩។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិនា កន្លង​ទៅ​ថ្មីៗ​នេះ ភាគី​កម្ពុជា​បាន​ឡើង​បង្ហាញ​ឯកសារ​បន្ថែម​អំពី​ជម្លោះ​របស់​ខ្លួន ជា​មួយ​ថៃ នៅ​ចំពោះ​មុខ​ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ)។ ការ​ឡើង​បង្ហាញ​អំណះអំណាង​របស់​កម្ពុជា​ក្រោយ​ពី​ភាគី​ថៃ​បាន​បង្ហាញ​ឯកសារ​របស់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ​មុន។

លោក គុយ គួង មាន​ប្រសាសន៍​ថា ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​គ្មាន​អ្វី​ក្រៅ​ពី​រង់ចាំ​ការ​កាត់​សេចក្ដី​របស់​តុលាការ​អន្តរ​ជាតិ​នោះ​ឡើយ។

រហូត​មក​ទល់​ពេល​នេះ គេ​ឃើញ​ស្ថានការណ៍​យោធា​ក្នុង​តំបន់​ព្រំដែន​កម្ពុជា-ថៃ ក្បែរ​ប្រាសាទ​ព្រះវិហារ នៅ​មាន​សភាព​ស្ងប់ស្ងាត់​នៅ​ឡើយ។ ពល​រដ្ឋ​ខ្មែរ​សង្ឃឹម​ថា តុលាការ​អន្តរ​ជាតិ​មួយ​នេះ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា៕

0 មតិ:

Post a Comment