www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, March 4, 2012

ទណ្ឌិត និងពិរុទ្ធជន​ដែល​ជាប់​ចោទ​ពាក់​ព័ន្ធ​និងការ​នេសាទ​ខុស​ច្បាប់​ទូទាំង​ប្រទេសត្រូវបានដោះលែង



ខេត្តសៀមរាប ៖ ​លោក​​យឹម ​ឆៃ​លី​ ឧប​នាយករដ្ឋមន្ដ្រី​ ទទួល​បន្ទុក​ប្រធាន​ក្រុមប្រឹក្សា​ស្តារ ​និង​អភិ​វ​ឌ្ឍន៍វិស័យ​កសិកម្ម​ជនបទ​ បាន​ថ្លែង​ថា «​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឱ្យ​ដោះ​លែង​ទណ្ឌិត និង​ពិរុទ្ធ​ជនទាំងឡាយ​ណា​ជាប់​ពាក់​ព័​ន្ធនឹង​ការ​នេ​សាទ​ខុសច្បាប់​នៅ​ទូ​ទាំង​ប្រទេស​ដែលរដ្ឋបាល​ជល​ផល ក៏​ដូច​អា​ជ្ញាធរ​បឹង​ទន្លេសាប​ចាប់​បញ្ជូន​​ទៅ​ឱ្យ​តុលាការ​​ក្នុង​គ្រា​ចុះ​អនុវត្ដន៍​សារា​ចរ​លេខ​០១របស់​រាជរដ្ឋាភិបាលឱ្យ​មាន​សេរីភាព​វិញ ​លើកលែងតែ​ករណី​កាប់​ព្រៃ​លិច​ទឹក​ពុំ​អនុញ្ញាត​ឱ្យ​ដោះ​លែង​ឡើយ ​។

លោក​ឧបនាយករដ្ឋមន្ដ្រី​យឹ​ម ឆៃ​លី បាន​មាន​​ប្រសាសន៍​យ៉ាង​ដូច្នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី៤ មីនា ក្នុង​កិច្ចប្រជុំ​ដ៏ប្រថុចញ៉ុច​មួយ​នៅ​ឯ​សាល​ប្រជុំ​សាលាខេត្ដ​សៀមរាប ដោយ​មានការ​ចូល​រួម​ពី​សំណាក់​អ្នកឧកញ៉ាសៀង ណាំ តំណាង​រាស្ដ្រ​មណ្ឌល​សៀមរាប លោកស៊ូ ភិ​រិ​ន្ទ អភិ​បាល​​ខេត្ដសៀមរាប លោក​មុំ សោភា រដ្ឋលេខាធិការ​ក្រសួង​យុ​ត្ដិ​ធ​ម៌ លោក​ច​ន័ន្ទ វុ​ត្ថា អគ្គនាយកក្រសួង​ធនធានទឹក​ និង​ឧតុនិយម និងលោក​ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល ព្រមទាំង​មន្ដ្រី​​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើ​ន​រូបទៀត​ ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រីបាន​បន្ថែម​ថា បទបញ្ជា​ឱ្យ​ដោះ​លែង​ទ​ណ្ឌិត និង​ពិរុទ្ធ​ជន នៅ​ទូ​ទាំង​ប្រទេស​សម្ដេចតេ​ជោ ហ៊ុន សែន បាន​ប្រកាស​រួច​ហើយ ដែល​ការ​សម្រេច​ដោះ​លែង​នេះ មិន​មែន​តែ​ខេត្ដ​សៀម​រាបមួយ​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឡើង​ក្នុង​ក្រប​ខ​ណ្ឌទូ​ទាំង​ប្រទេសចំពោះ​ប្រជាពលរដ្ឋ​ណា​ប្រព្រឹត​្តពាក់​ព័ន្ធ​ជាមួយបទ​ល្មើស​នេសាទ ដែល​ត្រូវ​បាន​​រដ្ឋ​បាល​ជល​ផល និង​​អាជ្ញាធរ​បឹង​ទន្លេសាប ​ចាប់​បញ្ជូន​ទៅ​តុលា​ការពី​មុន​មក​ ។ ប៉ុន្ដែ​ចំពោះ​អ្នក​ដែល​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ ឬ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​មិន​អាច​ដោះលែង​ទេ ដូច​ជា​ករណី​នៅ​ខេត្ដ​បន្ទាយ​មាន​ជ័យ និង​ខេត្ដបាត់ដំបង ព្រោះ​ពួក​អ្នក​ទាំងនោះ​សុទ្ធតែ​ទៅកាប់​ព្រៃ​យក​ដី​ ។

លោក​បាន​បន្ដ​ថា នៅ​ពេល​ដែល​រាជរដ្ឋាភិ​បាល​អនុវត្ដ​គោលនយោបាយ​ទ​ប់ស្កាត់​បទ​ល្មើស​នេសាទ​ជា​ប្រវត្ដិសាស្ដ្រ​នៅ​ក្នុង​បឹង​ទន្លេ​សាប​ ជា​ពិសេស​អនុវត្ដសារាចរ​​លេខ០១នោះ​យើង​បាន​ចាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន​យក​មក​ដាក់​ពន្ធនាគារ ហើយ​ពេល​នេះ​រាជ​រដ្ឋា​ភិបាល​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចាប់​ត្រី​ឡើង​វិញ​ ពោល​គឺ​សម្រេច​រំលាយ​ឡូត៍​នេសាទ​ទាំ​ង​អស់​​ក្នុង​បឹង​ទន្លេសាប ដូច្នេះ​អត់​មាន​តំបន់​ណា​ត្រូវ​ហាមឃាត់​ទៀត​ទេ ​ត្រូវ​តែ​ធ្វើការ​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរីភាពវិញ​ ។ ​លោក​បាន​បញ្ជាក់​បន្ថែ​មថា ​ការ​ដោះ​លែង​ប្រជាពលរដ្ឋ​ទាំងនោះ​ ត្រូវធ្វើ​យ៉ាងណាឱ្យ​ស្រប​ទៅ​តាម​នីតិ​វិធី​របស់​តុលាការ ហើយ​មធ្យោ​បាយ​ដែល​ល្អ​នោះ​ យើង​ត្រូវ​តែ​អនុវត្ដ​ឱ្យ​បាន​ឆាប់​បំផុត ដោយ​ប្រគល់​ភារកិច្ច​ដ៏សំខាន់​នេះ​ទៅ​ឱ្យ​លោក​ម៉ី សោភា រដ្ឋ​លេខាធិការ​ក្រសួងយុ​ត្ដិ​ធ​ម៌ជា​អ្នក​ដោះស្រាយ​ទូ​ទាំង​ប្រទេស​ ។

ទាក់ទិន​ទៅ​នឹង​នីតិ​វិធី​នៃ​ការ​ដោះ​លែង​ទ​ណ្ឌិត និង​ពិរុទ្ធ​ជនជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ប្រព្រឹត្តបទ​ល្មើស​នេសាទ​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ ​លោកម៉ី សោភា រដ្ឋ​លេខា​ធិការ​ក្រសួង​យុ​ត្ដិ​ធ​ម៌ បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​បាន​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​បឹង​ទន្លេ​សាប ចាប់​បញ្ជូន​មក​ឱ្យ​តុលាការ​ទាំងអស់ភាគ​ច្រើន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ឧបករណ៍​នេសាទ​ស្បៃ​មុង និង​ប្រើប្រាស​់ឧបករណ៍​នេសាទ​មួយ​ចំនួន​ទៀត ដែល​ពុំ​មាន​ក្នុង​ប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដោយ​ក្នុង​នោះ​មួយ​ចំនួនត្រូវបាន​តុលាការ​បើក​សវនាការ​កាត់ទោស​សាល​ក្រម​ស្ថាពរ​រួច​ហើយ និង​មួយ​ចំនួន​ទៀត​តុលាកា​រ​នៅមិន​ទាន់​កាត់ទោស​នៅឡើយ​ទេ​។

លោក​បាន​បញ្ជា​ក់ថា ​ចំពោះ​ករណី​សំណុំ​រឿង​​ដែល​មាន​ប្រកាស​សាលក្រម​ស្ថាពរនោះនីតិ​វិធី​នៃ​ការដោះ​លែងត្រូវ​តែ​ធ្វើ​ទៅ​តាម​រយៈ​ក្រសួង​យុ​ត្ដិ​ធ​ម៌ស្នើ​ទៅ​សម្ដេច​នាយក​រដ្ឋមន្ដ្រី ដើម្បី​ស្នើ​ទៅ​ដល់ព្រះមហាក្សត្រ​សុំ​ការ​ប្រទាន​​​លើក​លែង​ទោស ។ ចំណែក​សំណុំរឿង​មិន​ទាន់​កាត់ក្ដីអាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការដោះ​លែង​នៅ​ក្រៅ​ឃុំ​ ឬ​បើក​សវនា​ការ​កាត់​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​តែ​ម្ដង​ ។
នៅ​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នោះ​ដែរ​លោក​ឧក​ញ៉ាសៀង ណាំ អ្នកតំណាង​រាស្ដ្រ​ម​ណ្ឌល​សៀមរាប បាន​ទ​ទូច​សុំ​ឱ្យ​មានការ​ប្រគល់​​នូវ​ឧ​បករណ៍​នេសាទដូច​ជា​ទូក កាណូត​ម៉ាស៊ីន ឱ្យទៅ​ទ​ណ្ឌិត និង​ពិរុទ្ធ​ជនទាំងអស់​វិញ ខណៈប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរីភាព​វិញ ។

ទោះជា​យ៉ាងណា​ រហូត​មក​ទល់​ពេល​នេះ ​ពុំ​មាន​របាយ​ការ​ណ៍ផ្លូវការ​ណាមួយ​បញ្ជាក់​ឱ្យ​ដឹង​អំពី​ចំនួន​ទ​ណ្ឌិត និងពិរុទ្ធ​ជនទូទាំង​​ប្រទេស​ដែល​កំពុងជាប់​ក្នុង​មន្ទីរ​ឃុំ​ឃាំង ព្រោះ​តែ
នេ​សាទខុសច្បាប់នោះ​នៅឡើយ ខណៈ​ខេត្ដ​សៀម​រាប​មានការ​អះអាង​ថា​ មាន​ចំនួន៦ សំណុំ​រឿង​ស្មើ​នឹង១៩នាក់​។

ចំណែក​លោក​ច័ន្ទ វុ​ត្ថា អគ្គនាយក​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​បាន​ចូលរួម​នៅ​ក្នុងកិច្ចប្រជុំ​នោះ​ដែរ ​បាន​មាន​ប្រសាសន៍​ថា ​នៅ​ក្នុង​ការ​ចុះ​អនុវត្ដសារា​ចរ​លេខ​០១​ របស់​រាជ​រដ្ឋាភិបាល​ជំ​ហាន​ពីរ​នៅ​ទូ​ទាំង​បណ្ដា​ខេត្ដ​ជាប់​​បឹង​ទន្លេសាប​រួម​មាន​ខេត្ដកំពង់ធំ សៀម​រាប បន្ទាយ​មានជ័យ បាត់ដំបង ពោធិ៍សាត់ និង​កំពង់​ឆ្នាំង កន្លង​មក​អាជ្ញាធរ​បឹង​ទន្លេសាប​បាន​ធ្វើការ​ចាប់ខ្លួន​ប្រជា​ពល​រដ្ឋប្រមាណ​ជាង ១០​នាក់​រួច​មក​ហើយ ច្រើន​ជាងគេ​ គឺ​ខេត្ដ​សៀម​រាប​តែ​ម្ដង និង​ខេត្ដបាត់ដំបងប្រមាណ៣នាក់​តែ​​ប៉ុណ្ណោះ ​។

ស្រ​ដៀង​គ្នា​ដែរ​ លោក​ស៊ូ ភិ​រិ​ន្ទ អភិបាល​ខេត្ដ​សៀមរាប បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ និង​អ​រគុណ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​បទប​ញ្ជា​ដ៏ថ្លៃថ្លា​ ឱ្យ​មានការ​ដោះ​លែង​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​ត្រូវ​បាន​ចាប់​ដាក់​គុក ព្រោះតែ​ប្រព្រឹត្ត​បទល្មើស​នេ​សា​ទកន្លង​មក​។

គួរប​ញ្ជា​ក់ថា ​ការ​ចេញ​បទបញ្ជា​ឱ្យ​មានការ​ដោះ​លែង​ទ​ណ្ឌិត ​និង​ពិរុទ្ធ​ជន​ទាំងនោះ​ ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​នេ​សាទ​​ឱ្យ​មាន​សេរីភាព​វិញ​នោះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុ​ន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជាបាន​ប្រកាស​រំលាយ​ឡូត៍​នេសាទនៅ​ទូ​ទាំង​បឹង​ទន្លេ​សាប ក្នុង​ឱកាស​អ​ញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យ​លា​ភីនៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ថ្នាក់​វិស្វករ​ និង​ថ្នាក់​បរិញ្ញា​ប​ត្រ​ជាន់ខ្ពស់ ​និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស​់អគារ​សាល​សហ​សិក្សា​ និង​អគារ​សិក្សា​ថ្មី​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ រាជ​ធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី២៨ កុម្ភៈ ឆ្នាំ២០១២ កន្លង​​ទៅ​ ៕

0 មតិ:

Post a Comment