www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 26, 2012

កម្ពុជា​កំពុង​ស្ថិត​ក្នុង​របៀប​វារៈ​អាស៊ាន​យ៉ាង​មមាញឹក

ស្រប​ពេល​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​២០​ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​បន្តបន្ទាប់​នៅ​ចុង​ខែ ​មីនា​នេះ ​និង​ដើម​ខែ​មេសា​ខាង​មុខ​ អង្គការ​សង្គម​ស៊ីវិល ​និង​ក្រុម​អ្នកជំនួញ​ក៏​គ្រោង​រៀបចំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ដែរ​នៅ​ ទីក្រុង​ភ្នំពេញ។ ​ចំណែក​ឯ​អាជ្ញាធរ​វិញ​ក៏​កំពុង​ត្រៀម​លក្ខណៈ​យ៉ាង​ពេញ​ទំហឹង​ដើម្បី​ការពារ ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៃ​កិច្ចប្រជុំ​ទាំង​នោះ។ ​ជាក់ស្តែង​សមយុទ្ធ​ការពារ​សន្តិសុខ​ទ្រង់ទ្រាយ​ធំ​មួយ​ត្រូវ​បាន​រៀបចំ​ ធ្វើ​ឡើង​កាលពីថ្ងៃ​អាទិត្យ​​ ​ដែលមាន​កងកម្លាំង​អាវុធហត្ថ​៥០០​នាក់​ចូលរួម។
កង​កម្លាំងរាជអាវុធហត្ថ​ជាង​៥០០​នាក់​បាន​បើក​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ មួយកាលពីថ្ងៃ​អាទិត្យ​ នៅ​ឯ​សាលា​ហ្វឹកហ្វឺន​កំបូល​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ដើម្បី​ពង្រឹង​សមត្ថភាព​កង​រក្សា​សន្តិសុខ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ​ដែល​នឹង​ឈាន​មក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​​ សមយុទ្ធ​នេះ​មាន​គោលដៅ​ ប្រឆាំង​ក្រុម​ភេរវករ​ដែល​អាច​បង្ក​នូវ​បាតុភាព​ផ្សេងៗ​នៅ​ថ្ងៃ​ប្រជុំ​ អាស៊ាន​ ក៏ដូច​ជា​ការ​តវ៉ា​របស់​ក្រុម​បាតុករ​នៅ​ពេល​ពួកគេ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ​អំពី​អ្វីមួយ។ ​នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​ដែល​បាន​ប្រាប់​ ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​។
កាល​ពី​ពេល​ថ្មី​ៗ​នេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​លោក​ ទូច​ អារ៉ុថ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កម្លាំង​ប៉ូលិស​ ៥០០០​នាក់​ នឹង​ត្រូវ​គេ​ដាក់​ពង្រាយ​ក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​ការពារ​សន្តិសុខ​ ២៤​ម៉ោង​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ប្រតិបត្តិការ​សមយុទ្ធ​ដើម្បី​សន្តិសុខ​នៅ​ព្រឹក​នេះ​ក៏​មាន​ផង​ដែរ​លំហាត់​ បច្ចេកទេស​ក្នុង​ការ​ជួយ​សង្រ្គោះ​ដល់​ជនរងគ្រោះ​ដែល​ជាក្រុម​បាតុករ​ ក៏ដូចជា​កម្លាំង​សមត្ថកិច្ច​ដែល​រង​របួស​នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង។
សមយុទ្ធ​នេះ​បាន​កើត​ឡើង​ស្របពេល​ដែល​ព្រឹត្តិការណ៍​ជាច្រើន​ត្រូវ​បាន​ គេគ្រោង​នឹង​បង្កើត​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​អាស៊ាន។ ​ស្រប​គ្នា​ជាមួយ​នឹង​ជំនួប​កំពូល​ដែល​នឹង​ផ្តើម​ឡើង​នៅ​ដំណាច់​ខែ​មីនា​នេះ ​វេទិកា​អង្គការ​សង្គម​ស៊ីវិល​ និង​វេទិកាធុរកិច្ច​ជាច្រើន​ក៏​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ។​ ជាក់ស្តែង ​កិច្ចប្រជុំ​កំពូល​ស្តីពី​អាជីវកម្ម​ អាស៊ាន​-អឺរ៉ុប ​លើក​ទី២ ​ហៅ​ថា​កាត់​ថា ​(AEBS)​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១​មេសាខាង​មុខ​នេះ ​នៅ​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ​កាល​ពី​ថ្ងៃទី​ ២៤​មីនា ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា ​ក្រសួង​ពាណិជ្ជ​កម្ម ​និង​គណៈប្រតិភូ​មកពី​សហភាព​អឺរ៉ុប​ នឹង​រៀបចំ​កិច្ចប្រជុំ​នេះ​ជាមួយ​សហគ្រិន ​វិនិយោគិន​ឯកជន​មកពី​សហភាព​អឺរ៉ុប​ និង​អាស៊ាន​ ដោយ​ផ្តោត​ទៅ​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាស៊ាន​ និង​សហភាព​អឺរ៉ុប។ ​ វេទិកា​នេះ​ក៏​នឹង​បើក​ឱកាស​ឲ្យ​ក្រុម​ប្រទេស​ក្នុង​តំបន់​ស្វែងរក​ឱកាស​ ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ផង​ដែរ។ ​រីឯ​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន​ និង​វេទិកា​ប្រជាជន​អាស៊ាន​ឆ្នាំ​២០១២​ ក៏​ត្រូវ​គេ​គ្រោង​បើក​ធ្វើ​នៅ​ចុង​ ខែ​មីនា​នេះ​ដែរ។ សកម្មភាព​ទាំង​នេះ​បាន​បង្ហាញ​ថា ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​របៀបវារៈ​អាស៊ាន​យ៉ាង​​មមាញឹក៕ ​​​  RFI

0 មតិ:

Post a Comment