www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

ភាពរីកចម្រើននៃសហគ្រាសនៅកម្ពុជា

ភ្នំពេញ: ​បើតាម​សេចក្តីប្រកាស​រួម​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​សហគ្រាស នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១១ ផ្តល់នូវ​ស្ថានភាព​បច្ចុប្បន្ន​របស់​ស​ហ​គ្រាស​នៅ​កម្ពុជា ដែល​ស្ថិតក្នុង​ដំណើរ​ងើបឡើង​វិញ​បន្ទាប់ពី​មាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក នា​ខែសីហា​ឆ្នាំ​២០០៨​។ នោះ​គឺ​នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ជាង ៥០០.០០០ សហគ្រាស​។​

​សេចក្តីប្រកាស ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១២ បង្ហាញថា បើ​យោងទៅលើ​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​សហគ្រាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១១ នៅ​កម្ពុជា មាន​សហគ្រាស​ទាំងអស់​ចំនួន ៥០៥.១៣៤ សហគ្រាស​។ ចំនួន​អ្នកចូលរួម​ការងារ​ស​រុ​ប​នៅក្នុង​សហគ្រាស​ទាំងអស់នោះ មាន​ចំនួន ១.៦៧៦.២៦៣ នាក់ ក្នុងចំណោម​នេះ មាន​ប្រុស​ចំនួន ៦៥០.១៧៩ នាក់ ស្មើនឹង ៣៨,៨% និង​ស្រី​ចំនួន ១.០២៦.០៨៤​នាក់ ស្មើនឹង ៦១,២%​។ ចំនួន​អ្នកចូលរួម​ការងារ​ជា​ស្រី មាន​ចំនួន​ច្រើនជាង​បុរស​។​

​ជំរឿន​សហគ្រាស នៅ​ព្រះរាជាណាចក្រ​ឆ្នាំ​២០១១ បាន​គ្របដណ្តប់​គ្រប់​តំបន់​ទាំងអស់ នៃ​ប្រទេស ដោយ​គ្មាន​លើកលែង​តំបន់​ណាមួយ​នោះទេ ដោយ​រាប់​យក​គ្រប់​សហគ្រាស​ទាំងអស់​លើកលែងតែ​សហគ្រាស​ទាំងទ្បាយ​ណា ដែល​ស្ថិតក្នុង​វិស័យ ​”​កសិកម្ម រុក្ខាប្រមាញ់​និង​នេ​សា​ទ‍​​” (​ក្នុង​ផ្នែក A) “​វិស័យ​រដ្ឋបាល​សាធារណៈ និង​ការពារ ផែ្ន​ក​សន្តិសុខ​សង្គម​ចាំបាច់​” (​ផ្នែក O) ​”​សកម្ម​ភាពជា​ម្ចាស់ការ​និង​សេវាកម្ម​គ្រួ​សារ‍​សំរាប់​ប្រើប្រាស់​ខ្លួនឯង​” (​ផ្នែក T) “​សកម្មភាព​របស់​អង្គការ ស្ថាប័ន​ក្រៅ​ដែនដី​” (​ផ្នែក U) ដែល​មានចែង​ក្នុង​ចំណាត់ថ្នាក់​ឧស្សាហកម្ម​ស្តង់ដារ​អន្តរជាតិ ចេញផ្សាយ​លើក​ទី​៤ ( ISIC Revision 4 ) និង​ដោយ​យោងតាម​ការប្រើប្រាស់​ជាទូទៅ​របស់​អន្តរជាតិ នៅ​រាល់​ការធ្វើជំរឿន​សហគ្រាស​ទាំង​អស់​។ បើ​យោង​លើ​ការប្រើប្រាស់​ជាទូទៅ​របស់​អន្តរជាតិ សហគ្រាស​ចល័ត មិន​ត្រូវបាន​រាប់បញ្ចូល​នោះទេ នៅក្នុង​ជំរឿន​នេះ​។​

​ប្រសិនបើ​ប្រៀបធៀប​ជាមួយ​លទ្ធផល​ចុងក្រោយ​នៃ​ការធ្វើ​បញ្ជី​សហគ្រាស​ឆ្នាំ​២០០៩ ចំនួន​អ្នកចូលរួម​ការងារ​បា​ន​កើនឡើង ៩,៥% អត្រាកំណើន​ប្រចាំឆ្នាំ​ប៉ាន់ប្រមាណ​ប្រហែល ៤,៤៧%​។ ដោយឡែក​កំណើនប្រជាជន​ប្រចាំ​ឆ្នាំមាន​ប្រមាណ ១,៥៤% ប៉ុណ្ណោះ ដូច្នេះ កំណើន​អ្នកចូលរួម​ការងារ​មាន​អត្រា​ខ្ពស់ជាង​អត្រាកំណើន​ប្រជាជន​។
​បើ​មើល​ទៅតាម​វិស័យ​នីមួយៗ​វិញ អាច​កត់សំគាល់​បាន​ថា ចំនួន​អ្នកចូលរួម​ការងារ​ក្នុង​វិស័យសេដ្ឋកិច្ច​បឋម​បានចាប់ផ្តើម​ផ្លាស់​ផ្តូ​រ​ចូលទៅក្នុង​វិស័យសេដ្ឋកិច្ច​ទី​២ និង​ទី​៣​។ វិស័យសេដ្ឋកិច្ច​បឋម​មានន័យថា វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហើយ​ដែល​វិស័យសេដ្ឋកិច្ច​ទី ២​និង​ទី​៣ មានន័យ​ក្រៅពី​វិស័យសេដ្ឋកិច្ច​បឋម​។
​ចលនា​នៃ​បំលាស់ប្តូរ​របស់​នាក់​ចូលរួម​ការងារ​ពី​វិស័យសេដ្ឋកិច្ច​បឋម ចូលទៅ ក្នង​វិស័យសេដ្ឋកិច្ច​ទី និង​ទី​២ គឺជា​រឿង​ធម្មតា​ដែល​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​តំណើរការ​នៃ​ការអភិវឌ្ឍ​ប្រទេស​។​

​ចំនួន​សហគ្រាស ដែលមាន​អ្នកចូលរួម​ការងារ ១ នាក់ មាន ២២២.០០០ សហគ្រាស ស្មើនឹង ៤៤,០% និង​សហគ្រាស​ដែលមាន​អ្នកចូលរួម​ការងារ ២​នាក់​មាន​ចំនួន ១៧៦.០០០ សហគ្រាស ស្មើនឹង ៣៤,៩%​។ ដូច្នេះ ទំហំ​សហគ្រាស​ដែលមាន​អ្នកចូលរួម​ការងារ ១​នាក់​និង​២​នាក់​មាន​ដល់​ទៅ ៨០% ក្នុងចំណោម​សហគ្រាស​សរុប​ទាំងអស់​។​

​ចំនួន​សហគ្រាស ដែលមាន​អ្នកចូលរួម​ការងារ​ពី ៥​នាក់​ឡើង​មាន​ចំនួន ៤០.០០០ សហគ្រាស ស្មើនឹង ៧,៨% ចំនួន​អ្នកចូលរួម​ការងារ​ចាប់ពី ១០​នាក់​ឡើង​មាន​ចំនួន ១៣.០០០ សហគ្រាស ស្មើនឹង ២,៦% ចំនួន​អ្នកចូលរួម​ការងារ​ចាប់ពី ១០០​នាក់​ឡើង​មាន​ចំនួន ៧៨៧​សហគ្រាស ស្មើនឹង ០,២% និង​សហគ្រាស​ដែលមាន​អ្នកចូលរួម​ការងារ​ចាប់ពី ១.០០០​នាក់​ឡើង​មាន​ចំនួន ១១៩ សហគ្រាស​។ ដូចនេះ​អាច​និយាយបានថា សហគ្រាស​ខ្នាត​ធំ​នៅមាន​សមាមាត្រ​ទាប​ណាស់ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ម្យ៉ាងវិញទៀត​ចំនួន​អ្នកចូលរួម​នៅក្នុង​សហគ្រាស​ដែលមាន​អ្នកចូលរួម​ការងារ​ចាប់ពី ៥​នាក់​ឡើង​មាន ៨៧៩.០០០ នាក់ ស្មើនឹង ៥២,៤% សហគ្រាស​ដែលមាន​អ្នកចូលរួម​ការងារ​ចាប់ពី ១០​នាក់​ឡើង​មាន​ចំនួន ៧១៦.០០០ នាក់ ស្មើនឹង ៤២,៧% ស​គ្រាស​ដែលមាន​អ្នកចូលរួម​ការងារ​ចាប់ពី ១០០​នាក់​ឡើង​មាន​ចំនួន ៤៥៤.០០០ នាក់ ស្មើនឹង ២៧,១% និង​សហគ្រាស​ដែលមាន​អ្នកចូលរួម​ការងារ​ចាប់ពី ១.០០០ នាក់​ឡើង​មាន​ចំនួន ២៥៧.០០០ នាក់​ស្មើនឹង ១៥,៣%​។ បើទោះបីជា សហគ្រាស​ខ្នាត​ធំ​នៅ​កម្ពុជា មាន​ចំនួន​តិចតួច​យ៉ាងណាក៏ដោយ ក៏​ចំនួន​អ្នកចូលរួម​ការងារ​ដែ​ល​កំពុងធ្វើការ​នៅក្នុង​សហគ្រាស​ទាំងនេះ មាន​សមាមាត្រ​ខ្ពស់​ជាងគេ​។​

​ចំនួន​សហគ្រាស​បង្កើត​ថ្មី​មាន​ប្រមាណ ១៨០.០០០ សហគ្រាស ច្រើនជាង ១ ភាគ​៣
​មាន​សហគ្រាស​បង្កើត​ថ្មី​ចំនួន ១៨២.៤៣៩ សហគ្រាស ដែល​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​ក្នុង​ចន្លោះ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០០៩ ដល់​ថ្ងៃទី ១ ខែមីនា ឆ្នាំ​២០១១​។

​សហគ្រាស​បង្កើត​ថ្មី​មាន​ផលធៀប​ខ្ពស់​ស្មើនឹង ៣៦% ក្នុងចំណោម​សហគ្រាស​សរុប​ទាំងអស់​។ គឺថា​ចំនួន​សហគ្រាស​បង្កើត​ថ្មី បាន​កើតឡើង​ក្នុង​ខែ មករា ឆ្នាំ​២០០៩ ឬ​ក្រោយមកទៀត​។ មានន័យថា សេដ្ឋកិច្ចកម្ពុជា​គឺ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​ដូចជា​ការលើក​កំពស់​កំណើនសេដ្ឋកិច្ច​តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០០៩-២០១៣ គឺ​ទទួលបាន​ជោគជ័យ​។

​សហគ្រាស​បង្កើត​ថ្មី​ដែលមាន​អ្នកចូលរួម​ការងារ​ពី ១ ឬ ២ នាក់ មាន​ផលធៀប​ខ្ពស់​ជាងគេ ដល់​ទៅ ៨២,០% ច្រើនជាង ៤ ភាគ ៥ ក្នុងចំណោម​សហគ្រាស​បង្កើត​ថ្មី​សរុប​ទាំងអស់​។ មានន័យថា គោលនយោបាយ​សេដ្ឋកិច្ច ដែល​លើកឡើង ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​លើក​កំពស់ និង​គាំទ្រ​ទៅលើ​សហគ្រាស​ខ្នាតតូច គឺ​ទទួលបាន​ជោគជ័យ​។ ជាពិសេស សហគ្រាស ដែលមាន​អ្នកចូលរួម​ការងារ ១​នាក់ និង​អ្នកតំណាង​ជា​ស្ត្រី​មាន​ផលធៀប​ខ្ពស់​ដល់ ៣៥,៨% គឺ​ជិត ៤០% ក្នុងចំណោម​សហគ្រាស​បង្កើត​ថ្មី​សរុប​។ មានន័យថា​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការលើកស្ទួយ​និង​គាំទ្រ​ដល់​អាជីវករ​ជា​ស្ត្រី​ក៏​ទទួលបាន​ជោគជ័យ​ផងដែរ​។​

​អាជីវកម្ម “​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​” មាន​ជិត ៧០% “​កាន់កាប់​ទីកន្លែង​ធ្វើ​អាជីវកម្ម​”
​បើ​ពិនិត្យមើល​កម្ម​សិទ្ធ​នៃ​ទីកន្លែង​ធ្វើ​អាជីវកម្ម ៦៨,៩% ជាការ​កាន់កាប់​ទីកន្លែង ធ្វើ​អាជីវកម្ម​ដែលជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ក្នុងចំណោម​សហគ្រាស​សរុប​។ មានន័យថា អត្រា​មានកម្ម​សិទ្ធ​គឺមាន​កំរិត​ខ្ពស់​នៅ​កម្ពុជា​។
​ស្ថានភាព​បែបនេះ គឺមាន​ផលប្រយោជន៍​ចំពោះ​ប្រទេស​កម្ពុជា ក្នុងការ​រក្សាបាន​លំនឹង​កំណើនសេដ្ឋកិច្ច បានយូរ​អង្វែង ដោយសារតែ ៧០% នៃ​សហគ្រាស​ទាំងអស់ អាច​បន្ត​ប្រតិបត្តិការ​អាជីវកម្ម បាន​ដោយសារតែ​មានការ​ចំណាយ​ទាប​។​

​វិស័យ “​ព័ត៌មាន និង​ទំនាក់ទំនង​” បង្ហាញ​អត្រាកំណើន​ខ្ពស់ ដោយមាន​ជាង ៥០%
​បើ​មើល​ទៅលើ​ផលធៀប​សហគ្រាស​បង្កើត​ថ្មី ទៅតាម​ផ្នែក​ចំណាត់ថ្នាក់​វិស័យ​ស្តង់ដារ​អន្តរជាតិ ផ្នែក “​ព័ត៌មាន និង​ទំនាក់ទំនង​” (​ផ្នែក J) គឺជា​ផ្នែក​មួយ​ខ្ពស់​ជាងគេ​ស្មើនឹង ៥២,៤%​។ នេះ​ដោយសារតែ​ផ្នែក​ទូរស័ព្ទ​ចល័ត និង​ការប្រើប្រាស់​អ៊ិន​ធ័​រ​ណេ​ត និង​សកម្មភាព សេវាកម្ម​ម៉ាស៊ីន​កុំព្យូទ័រ​មាន​ភាព​ពេញនិយម​។

​បន្ទាប់មក​ផ្នែក “​សកម្មភាព​អចលនៈ និង​ចលនៈទ្រព្យ​” (​ផ្នែក L) មាន ៤៤,៦% “​សកម្មភាព​សេវាកម្ម​អាហារ​និង​ការ​ស្នាក់នៅ​” (​ផ្នែក I) មាន ៤៣,៦% “​សិល្បៈ និង​ការកំសាន្ត​” (​ផ្នែក R) មាន ៤៣,៥% និង “​សកម្មភាព​សេវាកម្ម​ផ្សេងទៀត​” (​ផ្នែក S) មាន ៣៩,០% ជាដើម​។​

​សេដ្ឋកិច្ចកម្ពុជា​មានរ​ចនាស​ម្ព​ន្ធ័​ចំណាយ​ខ្ពស់​នៅក្នុង​ផ្នែក​ឧស្សាហកម្ម​ទី​២ និង​ទី​៣
​ពិនិត្យមើល​ល័ក្ខខ័ណ្ឌ​អាជីវកម្ម​នៅ​កម្ពុជា ចំណូល​ពី​ការលក់​ប្រចាំឆ្នាំ គឺមាន​ចំនួន​សរុប ១២០ កោដិ​ដុល្លារ​អាមេរិក រីឯ​ការចំណាយ​ប្រចាំ​ឆ្នាំមាន​ចំនួន​សរុប ១០១ កោដិ​ដុល្លារ​អាមេរិក ហើយ​ចំណេញ​និង​ខាត​ប្រចាំ​ឆ្នាំមាន ១៩​កោដិ​ដុល្លារ​អាមេរិក​។ គឺថា​ការចំណាយ​ប្រចាំ​ឆ្នាំមាន​មិនតិចជាង ៨៤%​នៃ​ចំណូល​ពី​ការលក់​ប្រចាំឆ្នាំ​នោះទេ តែ​ការ​ចំណេញ ខាត​មាន​ត្រឹមតែ ១៦%​ប៉ុណ្ណោះ​។ មានន័យថា សេដ្ឋកិច្ចកម្ពុជា មាន​រចនា​សម្ព​ន្ធ័​ចំណាយ​ខ្ពស់​នៅក្នុង​ផ្នែក​ឧស្សាហកម្ម​ទី​២ និង​ទី​៣​។ នេះ​ក៏​ឆ្លុះបញ្ចាំង​ពី​ការពិត​ថា ប្រទេស​កម្ពុជា​នាំចូល​សំភារៈ​និង​ទំនិញ​ច្រើន​បំផុត ហើយ​ថា ផលិតផល​ក្នុងស្រុក​គឺ​នៅមាន​ក​រិ​មាណ​ទាប​នៅឡើយ​។
​ការធ្វើអោយ​ផលិតផល​ក្នុងស្រុក​មានការ​រីកចំរើន​និង​ការធ្វើអោយ​រចនា​សម្ព​ន្ធ័​សេដ្ឋកិច្ច​ចំណាយ​ទាប​គឺជា​បញ្ហាសំខាន់ នៅក្នុង​ពេលអនាគត​ដើម្បីអោយ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមកិច្ច​រប​ស់​ប្រទេស​កម្ពុជា​កាន់តែ​រីកចំរើន​បន្ថែមទៀត​។​

​លទ្ធផល​ជំរឿន​សហគ្រាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០១១ នឹងត្រូវ​ប្រើប្រាស់ សំរាប់​កសាង​គោលនយោបាយ និង​ផែនការ​ផ្សេងៗ នៅ​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សំរាប់​អ្នកសិក្សា​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ និង​នៅ​ស្ថាប័ន​ផ្សេងៗ​ទៀត សំរាប់​តាក់តែង​យុទ្ធសាស្ត្រ​គ្រប់គ្រង និង​ការស្រាវជ្រាវ​ទីផ្សារ​ក្នុង​ផ្នែក​ឯកជន​ជាដើម​។​

​ជំរឿន​សហគ្រាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០១១ ត្រូវបាន​អនុវត្ត​ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ​រួមសហកា​រ​ជាមួយ​គំរោង​កែលំអ​ស្ថិតិ​ផ្លូវការ​នៅ​កម្ពុជា ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ រដ្ឋាភិបាល​ជប៉ុន និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ដែល​គំរោង​នេះ​បាន​ជួយ​ទាំង​ការធ្វើជំរឿន​ប្រជារាស្ត្រ​ឆ្នាំ​២០០៨​និង​ការធ្វើ​បញ្ជី​សហគ្រាស​ទូទាំង ប្រទេស​ឆ្នាំ​២០០៩​។​

​លទ្ធផល​ជំរឿន​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​របស់លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​៕​

0 មតិ:

Post a Comment