www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, April 24, 2012

ក្មួយ​របស់ ប៉ុល ពត ផ្ដល់​សក្ខីកម្ម ក្នុង​សាលាក្ដី​ខ្មែរក្រហម

សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​បន្ត​សវនាការ​លើក​ទី ៥៤ របស់​ខ្លួន បន្ទាប់​ពី​ការ​ឈប់​សម្រាក​ចុង​សប្ដាហ៍​មុន។ នៅ​ថ្ងៃ​ចន្ទ​នេះ អង្គ​ជំនុំជម្រះ​ចាប់​ផ្ដើម​ស្ដាប់​សក្ខីកម្ម​សាក្សី​ឈ្មោះ សាឡុត បាន ដែល​ជា​អ្នក​នៅ​ជិត​ស្និទ្ធ​មួយ​រូប ជា​មួយ​មេ​ខ្មែរក្រហម​ជាន់​ខ្ពស់​បំផុត គឺ សាឡុត ស ហៅ ប៉ុល ពត។

សាក្សី​មួយ​រូប​ឈ្មោះ សាឡុត បាន ឬ សូ ហុង ដែល​ជា​ក្មួយ​បង្កើត​របស់ សាឡុត ស ឬ ប៉ុល ពត បាន​ចូល​ផ្ដល់​សក្ខីកម្ម​មួយ​ប្រឆាំង​ជន​ជាប់​ចោទ អៀង សារី នៅ​ក្នុង​សវនាការ​សាលាដំបូង នៅ​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០១២ នេះ។

នៅ​ក្នុង​សវនាការ សាក្សី សាឡុត បាន បាន​ផ្ដល់​សក្ខីកម្ម​ដល់​សហ​ព្រះរាជ​អាជ្ញា​ថា ជន​ជាប់​ចោទ អៀង សារី ជា​អ្នក​ទទួល​ខុស​ត្រូវ​ពួក​បញ្ញវន្ត កាល​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សំឡេង៖ «ខ្ញុំ​ចាំ​មិន​ច្បាស់​ទេ​ឈ្មោះ។ ក៏​ប៉ុន្តែ ខ្ញុំ​ដឹង​ថា​មាន​បញ្ញាជន​ខ្លះៗ មក​ជា​មួយ​គាត់»។ 

ការ​ផ្ដល់​សក្ខីកម្ម​នេះ គឺ​ដោយសារ​តែ​សាក្សី សាឡុត បាន ឈ្មោះ​បដិវត្តន៍​ហៅ​សមមិត្ត សូ ហុង ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​មួយ​រូប នៃ​ក្រសួង​ការ​បរទេស ក្រោម​ការ​គ្រប់គ្រង​របស់​ជន​ជាប់​ចោទ អៀង សារី។ លោក​មាន​តួនាទី​ជា​អគ្គលេខាធិការ​ក្រសួង​ការ​បរទេស​នៃ​របប​កម្ពុជា​ ប្រជាធិបតេយ្យ។

សាឡុត បាន៖ «ជា​ពិសេស​បង អៀង សារី ថា ជួយ​ការងារ​ខ្ញុំ​ផង។ ជួយ​ជា​ដៃ​ជា​ជើង។ ជា​តួនាទី​អគ្គ​លេខាធិការ​ក្រសួង​ការ​បរទេស។ ខ្ញុំ​ក៏​មិន​សូវ​យល់​ដែរ អគ្គលេខាធិការ​ហ្នឹង​អីៗ ខ្ញុំ​មិន​សូវ​យល់​ទេ ព្រោះ​ជា​កសិករ​សេរី​នោះ។ គាត់​ថា​អត់​អី​ទេ គ្រាន់​តែ​មើល​ការ​ខុស​ត្រូវ ឱ្យ​បង​ប្អូន​មាន​ការ​ឯកភាព​គ្នា។ នេះ​ជា​ការងារ​របស់​ខ្ញុំ​សំខាន់»។

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ពី​ឆ្នាំ ១៩៧៥ ដល់​១៩៧៩ មាន​ក្រុម​បញ្ញាវ័ន្ត​នៅ​បរទេស​ជា​ច្រើន​រូប បាន​វិលត្រឡប់​មក​កម្ពុជា​វិញ ហើយ​ភាគ​ច្រើន​បំផុត ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់។ ការ​សម្លាប់​បញ្ញវន្ត​ទាំង​នោះ ត្រូវ​បាន​គេ​ជឿ​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រសួង​ការ​បរទេស ដែល​ជន​ជាប់​ចោទ​ជា​រដ្ឋ​មន្ត្រី។
សាក្សី សាឡុត បាន ឬ សូ ហុង ថ្លែង​ថា ក្រសួង​ការ​បរទេស​នៅ​ពេល​នោះ មាន​ការ​បែងចែក​ជា ២ ផ្នែក​ធំៗ ២ គឺ ទី១ កិច្ចការ​បរទេស ដែល​ច្រើន​តែ​ការងារ​របស់​​ក្រុម​បញ្ញាជន និង​ទី​២ គឺ​ការងារ​សេដ្ឋកិច្ច និង​សតិអារម្មណ៍។ គាត់​ថា គាត់​មិន​បាន​ទទួល​ខុស​ត្រូវ​លើ​ក្រុម​បញ្ញាជន​ទេ គឺ​គាត់​ទទួល​ខាង​បង្កបង្កើន​ផល និង​ផ្នែក​អប់រំ​សតិ​អារម្មណ៍​បុគ្គលិក ដែល​ធ្វើ​ការ​នៅ​ក្រសួង​ការ​បរទេស​នោះ ៣/០៣។ ក្រៅ​ពី​នេះ នៅ​មាន​ផ្នែក​តូចៗ ខ្លះ​ទៀត ក្នុង​នោះ គាត់​បាន​រំឭក​អំពី​សកម្មភាព​ខ្លះ។

សំឡេង៖ «ពេល​ខ្លះ​ខ្ញុំ​ឃើញ​ប្រជុំ​ជាមួយ​គណៈ​នេះ​ទៅ​គណៈ​នោះ​ទៅ មាន​បង គាត ឈន់ មាន​បង សួង ស៊ីគឿន មាន​ឈ្មោះ សូ សែ... ខ្ញុំ​រៀបរាប់​មិន​អស់​ទេ ខាង​បច្ចេកទេស​ក្រសួង​ហ្នឹង​បាទ»។
ក្រៅ​ពី​សក្ខីកម្ម​ទាក់ទង​នឹង​ជន​ជាប់​ចោទ អៀង សារី សាក្សី សាឡុត បាន ក៏​បាន​រំឭក​អំពី​តួនាទី​របស់​ជន​ជាប់​ចោទ នួន ជា ដែរ។

សំឡេង៖ «​ខ្ញុំ​ដឹង​ថា លោក នួន ជា ទទួល​ខុស​ត្រូវ​ខាង​ចាត់​តាំង។ ឯ​ចាត់តាំង​អីៗ ខ្ញុំ​អត់​ដឹង​ទេ»។
នៅ​មុន​របប​កម្ពុជា​ប្រជាធិបតេយ្យ ឆ្នាំ ១៩៧៥ សាក្សី សាឡុត បាន ឬ សូ ហុង ធ្លាប់​ជា​នីរសារ​ផ្ទាល់​របស់ សាឡុត ស ឬ ប៉ុល ពត ដែល​ជា​ឪពុក​មា​បង្កើត​របស់​គាត់។
មាន​អ្នក​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ខ្លះ បាន​រំឭក​ថា លោក សាឡុត បាន ឬ សូ ហុង ជា​កម្មាភិបាល​សំខាន់​មួយ​រូប នៅ​ក្រសួង​ការ​បរទេស ក្នុង​តួនាទី​គាត់​ជា​អគ្គលេខាធិការ​ក្រសួង ដែល​នៅ​ផ្ទាល់​នឹង​ជន​ជាប់​ចោទ អៀង សារី។
សក្ខីកម្ម​របស់​សាក្សី សាឡុត បាន នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត នៅ​ថ្ងៃ​អង្គារ​ទី ២៤ ខែ​មេសា ឆ្នាំ ២០១២៕ 




RFA

0 មតិ:

Post a Comment