www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, April 26, 2012

អ្នក​​ការពារ​បរិស្ថាន​ត្រូវ​បាញ់​សម្លាប់​នៅ​កោះកុង​


ប្រធាន​​​អង្គការ​​​ការពារ​​​បរិស្ថាន​​​លោក​​ ឈុត ​វុទ្ធី​​​និង​​​មន្ត្រី​​​កង​​រាជ​អាវុធ​ហត្ថ​​​ម្នាក់​​​បាន​​​ស្លាប់​​​នៅ​​ក្នុង​​ហេតុការណ៍​​ផ្ទុះ​អាវុធ​​​​មួយ​​​កាល​ពី​​​វេលា​​ម៉ោង​​​១២​​​ថ្ងៃ​​​ត្រង់​​​​២៦​​​មេសា​​​នេះ​​​នៅ​​​ស្រុក​​​ថ្មបាំង​​​ខេត្ត​​​កោះកុង។​​ នៅ​​ក្នុង​​ព្រឹត្តិការណ៍​​នោះ ​អ្នក​កាសែត​​របស់​​ព្រឹត្តិបត្តិ​​The Cambodia Daily​ ២​នាក់​ត្រូវ​បាន​​ឃាត់​ខ្លួន​ផង​ដែរ។​ ក្លឹប​​អ្នក​កាសែត​​កម្ពុជា ​​បាន​​សម្តែង​​ការ​​ព្រួយ​បារម្ភ​​ចំពោះ​​ការ​​ឃាត់​​ខ្លួន​​អ្នក​​កាសែត​​នោះ។​

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ លោក​ឈុត វុទ្ធី​ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​មួយ​នៅ​កាល​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មេសា​នេះ។ នៅ​ក្នុង​ហេតុការណ៍​នោះ មាន​អ្នកកាសែត​ស្រ្តី​របស់​ព្រឹត្តិបត្តិ The Cambodia Daily ២​នាក់ គឺ​ជនជាតិ​ខ្មែរ​ម្នាក់ និង​ជនជាតិ​អាមេរិកកាំង​ម្នាក់​ផងដែរ។

មន្ត្រី​សម្របសម្រួល​របស់​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​បាន​រៀបរាប់​អោយ​ដឹង​ថា លោក​ឈុត វុទ្ធី​ជា​ប្រធាន​អង្គការ​ការពារ​ធម្មជាតិ​បាន​ជូន​ដំណើរ​អ្នក​កាសែត​របស់​ Cambodia Daily​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ព្រៃ​ជ្រៅ​អំពី​ការ​កាប់​ព្រៃឈើ។ នៅ​តាម​ផ្លូវ​លោក​ឈុត វុទ្ធី​ បាន​ថត​រូប​គំនរ​​ឈើ​មួយ​របស់​អង្គការ ​Wild Aid។

មន្ត្រី​អង្គការ​លីកាដូ​ដែល​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​ប៉ូលីស​ដែល​ចុះ​ស៊ើបអង្កេត​បញ្ហា​នេះ​បាន​បន្ត​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា មន្ត្រី​អង្គការ ​Wiild Aid ​បាន​ស្នើ​អោយ​មន្ត្រី​កងរាជអាវុធ​ហត្ថ​ម្នាក់​​មក​សួរ​នាំ​សុំ​ដក​យក​រូបថត។ ប៉ុន្តែ​លោក​ឈុត វុទ្ធី​ មិន​ព្រម​ប្រគល់​រូបថត​នោះ​អោយ​ឡើយ​ ទើប​មាន​ការ​ហេតុការណ៍​បាញ់​លើ​រថយន្ត​ដែល​មាន​លោក​ឈុត វុទ្ធី​និង​អ្នកកាសែត​តែម្តង។ ហើយ​គ្រាប់​ចុង​ក្រោយ បាន​ផ្លាត​មក​ត្រូវ​មន្ត្រី​កងរាជអាវុធ​ហត្ថ​វិញ​បណ្តាល​អោយ​ស្លាប់​ដូចគ្នា។

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ចាន់ សុវេត មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​ ​អាដហុក​ បាន​អះអាង​អោយ​ដឹងថាអ្នកកាសែត​ស្ត្រី​២នាក់​របស់​ Cambodia Daily នោះ ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព​វិញ​ហើយ។ រីឯ​សាកសព​របស់​លោក​ឈុត វុទ្ធី​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កោះកុង​ដឹក​យក​មក​ដំកល់​នៅ​មន្ទីរពេទ្យ​បង្អែក​កោះកុង៕  RFI

0 មតិ:

Post a Comment