www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, April 20, 2012

Google Earth ​ជួយ​បុរស​​ឥណ្ឌា​ឱ្យ​រក​ឃើញ​ផ្ទះ​ខ្លួន​វិញ​



Google Earth ​ជា​កម្មវិធី​មួយ​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក​ចង់​ស្វែង​រក​​ផ្លូវ ​ឬ​តំបន់​ណា​មួយ​ ហើយ​វា​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​។ ​នៅ​ពេល​នេះ​គេ​បាន​រាយ​ការណ៍​ថា​មាន​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ ដែល​បាន​វង្វេង​ផ្លូវ​តាំង​តែ​ពី​ ២៥​ឆ្នាំ​មុន​ អាច​រក​ឃើញ​ផ្ទះ​កំណើត​របស់​ខ្លួន​វិញ ​ដោយ​ស្ថិត​ក្រោម​ជំនួយ​នៃ​ Google Earth ហើយ​គាត់​ជួប​ជុំ​ម្ដាយ​របស់​គាត់​វិញ​ហើយ។ លោក​ Saroo Brierly ​បាន​នឹង​កំពុង​តែ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ជា​មួយ​បង​ប្រុស​របស់​គាត់​កាល​ ពី​ឆ្នាំ​ ១៩៨៦។​ ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ​នោះ​ គាត់​បាន​គេង​លក់​ ហើយ​បន្ទាប់​ពី​ ១៤​ម៉ោង​រួច​មក​គាត់​បាន​ភ្ញាក់​ឡើង​វិញ​ តែ​បញ្ហា​គឺ​គាត់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ក្រុង​ Calcutta ​នៃ​ប្រទេស​ឥណ្ឌា។​ គាត់​ក៏​បាន​វង្វេង​ពី​បង​ប្រុស​របស់​គាត់​ ហើយ​គាត់​មិន​ដឹង​ថា​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​របៀប​ណា​នោះ​ទេ។​ គាត់​បាន​ស្នាក់​នៅ​ក្នុង​ទ្វារ​ទំនប់​ទឹក​មួយ​នៅ​ទីនោះ​ ហើយ​គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​សុំទាន​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​ចិញ្ចឹម​ ក្រពះ​ដែល​កំពុង​តែ​ស្រែក​ឃ្លាន​។
ជា​ភព្វ​សំណាង​លោក​ Brierly ​ត្រូវ​បាន​គេ​ទទួល​ឱ្យ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ជួយ​សង្គ្រោះ​កុមារ​កំព្រា​ ហើយ​ក្រោយ​មក​ក៏​មាន​ប្ដី​ប្រពន្ធ​ជនជាតិ​អូស្ត្រាលី​មួយ​គូ​ ទទួល​គាត់​ធ្វើ​ជា​កូន​ធម៌​ទៀត។​ គាត់​បាន​និយាយ​ទាំង​ត្រេក​អរ​ថា​ ខ្ញុំ​ពិត​ជា​វង្វេង​ផ្លូវ​ និង​មិន​អាច​រក​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​បាន​ទេ​ ដូច្នេះ​វា​ពិត​ជា​ល្អ​ណាស់​ដែល​ខ្ញុំ​បាន​ទៅ​ប្រទេស​អូស្ត្រាលី។
ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​គាត់​ក៏​ធំ​ដឹង​ក្ដី​ ហើយ​គាត់​ចង់​ស្វែង​រក​ទីកន្លែង​កំណើត​របស់​ខ្លួន​ឱ្យ​ឃើញ។​ គាត់​នៅ​ចង​ចាំ​ពេល​ដែល​គាត់​វង្វេង​នៅ​លើ​រថភ្លើង​ ហើយ​គាត់​បាន​ចាប់​ផ្ដើម​វាស់​វែង​ពី​ចម្ងាយ​ រយៈពេល​១៤ម៉ោង​ ដែល​គាត់​គេង​លក់​ ព្រម​ទាំង​ល្បឿន​មធ្យម​របស់​រថភ្លើង​ ដើម្បី​ប៉ាន់​ស្មាន​មើល​ពី​ចំណុច​ដែល​គាត់​ចាក​ចេញ។​ បន្ទាប់​មក​គាត់​បាន​បើក​មើល​ផែន​ទី​នៅ​លើ​ Google Earth ​យ៉ាង​លំអិត​ ហើយ​គាត់​ប្រាកដ​ក្នុង​ចិត្ត​ថា​ ផ្ទះ​របស់​គាត់​ប្រាកដ​ជា​នៅ​ Khandwa។​ ពេល​ដែល​ខ្ញុំ​បាន​រក​ឃើញ​ Khandwa ​ខ្ញុំ​បាន​ពង្រីក​មើល​បន្តិច​ម្ដងៗ​ ហើយ​រក​មើល​គ្រប់​ផ្លូវ​ដែល​នៅ​ជុំវិញ​ទឹក​ធ្លាក់​ ដែល​ជា​កន្លែង​ខ្ញុំ​ធ្លាប់​ទៅ​លេង។​ គាត់​ពិត​ជា​រីករាយ​ជា​ខ្លាំង​ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​កំណើត​របស់​ ខ្លួន​ ហើយ​ក៏​ប្រទះ​ឃើញ​ផ្ទះ​ដែល​គាត់​ធ្លាប់​បាន​រស់​នៅ​ជាមួយ​គ្រួសារ​របស់​ គាត់។​ ប៉ុន្តែ​គ្រួសារ​របស់​គាត់​បាន​បាន​ផ្លាស់​ទី​លំនៅ​ចេញ​ទៅ​បាត់​ហើយ​ ហើយ​គាត់​បាន​ដើរ​សាក​សួរ​អ្នក​ជិត​ខាង​ទាំង​ឡាយ​។​ ជា​ចុង​ក្រោយ​ លោក​ Brierly ​ក៏​បាន​ជួប​នឹង​ម្ដាយ​តាម​បំណង​ប្រាថ្នា​របស់​គាត់។

ម្ដាយ​របស់​លោក​ Brierly ​មាន​ការ​ពិបាក​ទទួល​យក​បន្តិច​ ដោយ​សារ​តែ​កូន​ប្រុស​ដែល​បាន​បាត់​ខ្លួន​ ២៥ឆ្នាំ​ កន្លង​ទៅ​ហើយ​ បែរ​ជា​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គាត់​ប្រៀប​ដូច​ជា​ខ្មោច​បែប​នេះ។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​គាត់​គឺ​ពិត​ជា​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ​ទាល់​តែ​សោះ​ ដោយ​សារ​តែ​ Google Earth ​បាន​ជួយ​គាត់​ឱ្យ​រក​ឃើញ​ស្រុក​កំណើត​ ដែល​គាត់​បាន​ឃ្លាត​ឆ្ងាយ​ជា​យូរ​ណាស់​មក​ហើយ​៕​​  CM

0 មតិ:

Post a Comment